សត្វសំពោចក្រអូបមួយគូគ្រោងនឹងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានដឹកជញ្ជូនសត្វសំពោចក្រអូប (Common palm civets) មួយគូ (ញី១និងឈ្មោល១) ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅយកមកផ្សាំងក្នុងទ្រុង ហើយក្រុមការងារគម្រោងនឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។
កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា សត្វទោចមកុដ (Pileated gibbon) ចំនួន១៥ក្បាល (កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស (Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម (Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប (Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង (Smooth-coated otter) ចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ (Leopard Cat) ចំនួន២ក្បាល កេងកងតូច (Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ (Great Hornbill) ចំនួន៦ក្បាល ព្វាំង (Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក (Peafowl) ចំនួន៩ក្បាល សត្វអន្សង (Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរនិងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរានិងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ត្រូវចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងការបរបាញ់ ឬមានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឱ្យសត្វទាំងនោះដោយគ្មានការអនុញ្ញាត៕
អត្ថបទនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា