ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ

ក្រុមការងារគ្រប់គ្រងហានិភ័យដើមឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានកាត់ក្រី ដើមឈើធំៗដែលអាចបង្កហានិភ័យនៅរមណីយដ្ឋានអង្គរ ខណៈដែលរដូវវស្សាការងារនេះមានភាពមមាញឹកខុសពីរាល់ដង។
ក្នុងនាមជាបុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ លោក ទៀន សុធី បានឱ្យដឹងថា ក្រុមការងារបានប្រើឡានស្ទូចដងវែងដើម្បីកាត់ក្រី និងដកដើមឈើហានិភ័យនៅខ្លោងទ្វារជ័យ ដែលបានដុះគ្របបង្កាន់ដៃនាគ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ការកាត់ក្រីនិងដកដើមឈើមានបីរបៀបដែលបានអនុវត្តន៍ ក្នុងនោះរួមមាន ប្រើឡានស្ទូច ដំឡើងរន្ទា និងឡើងដោយកម្លាំងមនុស្ស។ ការប្រើឡានស្ទូច មានភាពរហ័ស និងលឿន តែអាចប្រើប្រាស់បាននៅលើដងផ្លូវស្រឡះៗប៉ុណ្ណោះ។ ចំណែកនៅក្នុងប្រាសាទ ច្រើនប្រើរន្ទា និងមនុស្សឡើងដូចជាករណីបាក់មែក ឬទ្រេតគ្របលើតួប្រាសាទជាដើម។ល។
លោក សុធី បញ្ជាក់ថា ដ្បិតថាមានភាពងាយស្រួលក៏ពិតមែន តែការប្រើមធ្យោបាយឡានស្ទូច ក៏ត្រូវការកម្លាំងច្រើននាក់ មិនខុសពីមធ្យោបាយផ្សេងទៀតដែរ ពិសេសអ្នកឡើងចងខ្សែ ត្រូវការអ្នកមានជំនាញស្ទាត់ ដឹងពីរបៀបចង និងមានកម្លាំងច្រើននាក់ចាំទាញខ្សែនៅផ្នែកខាងក្រោម។ ចំពោះមែកឈើខ្លះត្រូវការចងខ្សែតែមួយទេ តែមែកខ្លះធំត្រូវការចងខ្សែដល់៤ក៏មានដែរ ដើម្បីធានាពីហានិភ័យមនុស្សនិងប្រាសាទ។ យ៉ាងណារបៀបនេះ អាចកាត់ដើមឈើដែលមានកម្ពស់ ៣០ម៉ែត្រចុះប៉ុណ្ណោះ លើសពីនោះគេត្រូវដំឡើងរន្ទាដើម្បីឡើងកាត់ដដែល ដូចជាដើមឈើខ្លះនៅប្រាសាទបាយ័ន្តដែលមានកម្ពស់រហូតដល់ជាង៥០ម៉ែត្រ។
ចំពោះបច្ចេកទេសដំឡើងរន្ទាវិញ ភាគច្រើនធ្វើនៅក្នុងប្រាសាទ ដូចករណីដើមស្ពុងនៅប្រាសាទបាយ័ន្ត។ ការប្រើរន្ទាត្រូវចំណាយពេលយូរទាំងការដំឡើងនិងការរើវិញ គឺអាចប្រើពេលខ្ទង់ខែដើម្បីកាត់ក្រីដើមឈើមួយៗបាន៕
អត្ថបទនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា