
លំហូរជនជាតិចិន និងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លើទឹកដីកម្ពុជា

រូបភាព៖ បណ្តាញសង្គម
ឯលោកសាស្រ្តាចារ្យ បណ្ឌិតដៀប សុផល បានរៀបរាប់ក្នុងឯកសាររបស់លោកថា ជនជាតិចិន មានវត្តមាន លើទឹកដីកម្ពុជា ជាយូរយារណាស់មកហើយ។ ជនជាតិចិនទំាងនេះមាន៥ជនជាតិ គឺចិនទៀជីវ ចិនកាតាំង ចិនហៃណាំ ឬហៃណាន់ ចិនហុកគៀន ចិនហ្វ៊ូឌស៊ាន ឬចិនខិ។
តាមរយៈនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរជាប់សែចិន ឬខ្មែរកាត់វៀតណាម និងជនជាតិចិនរស់នៅលើទឹកដីខ្មែរទាំងអស់តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងលក្ខណៈយ៉ាងគគ្រឹកគគ្រេងបំផុត។ ក្នុងឆ្នាំ២០២៣នេះ ពិធីបុណ្យឆ្នាំថ្មីប្រពៃណីចិន ត្រូវគេប្រារព្ធធ្វើចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែមករា ទៅតាមទំនៀមទម្លាប់របស់ខ្លួន។
ចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត សម្រាប់ជនជាតិចិន។ ពិធីបុណ្យនេះ មាននៅតែតំបន់ដែលមានវត្តមានប្រជាជនចិនដូចជា ប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, និងកម្ពុជា និងប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។
នៅកម្ពុជា តាមទម្លាប់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមានដើមកំណើត ឬជាប់សែលោហិតចិន គេបាននាំគ្នាត្រៀមលក្ខណៈដោយការរៀបចំសម្អាតផ្ទះសម្បែង ទិញសម្ភារៈផ្សេងៗសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ។
តាមទំនៀមទម្លាប់ពីបុរាណបុណ្យចូលឆ្នាំចិនមានរយៈពេល១៥ថ្ងៃ ប៉ុន្ដែក្រោយមកក៏មានរយៈពេលខ្លីមកនៅត្រឹមតែបីថ្ងៃរហូតដល់បច្ចុប្បន្ន។ នៅក្នុងរយៈពេលបីថ្ងៃនោះ គឺនៅថ្ងៃចូលដំបូង គេមានធ្វើពិធីសែនព្រេនជីដូនជីតា ឬកុងម៉ារបស់គេម្នាក់ៗដោយមានរៀបចំម្ហូបអាហារសាច់ជ្រូក មាន់ ទា សុរា ភេសជ្ជៈ និងនំចំណីផ្លែឈើជាច្រើនមុខ។
ហេតុដែលនាំឱ្យមានទំនៀមទម្លាប់បែបនេះ ក៏ដោយសារតែមានការដំណាលថា កាលពី១ពាន់ឆ្នាំមុនក្នុងសម័យរាជវង្សថាំង មានស្ដេចមួយអង្គឈ្មោះ លី ស៊ីវមីង បានធ្វើសង្រ្គាមជាមួយប្រទេសជិតខាងដែលបណ្ដាលឱ្យមនុស្សស្លាប់អស់ជាច្រើននាក់។ បន្ទាប់ពីសង្រ្គាមចប់ ស្ដេចបានវិលត្រឡប់មកក្នុងនគរវិញ ហើយនិម្មិតឃើញព្រលឹងអ្នកដែលស្លាប់នៅក្នុងសង្រ្គាមមកតាមទារបំណុលឱ្យបូជាឱ្យគេជាគ្រឿងមាសប្រាក់ ប៉ុន្តែស្ដេចឆ្លើយថា មិនអាចធ្វើបានទេ ព្រោះថាមិនមានមាសប្រាក់ច្រើនដល់ម្លឹង។ ដោយមិនដឹងជាធ្វើយ៉ាងដូចម្ដេចព្រលឹងអ្នកស្លាប់ទាំងនោះ ក៏មកសុំអង្វរឱ្យស្ដេចគ្រាន់តែយកក្រដាសមាសប្រាក់មកដុតបូជាសែនឱ្យគេជានិម្មិត្តរូបជំនួសមាសប្រាក់មែនទែន។
យោងតាមរឿងព្រេងបុរាណចិន បានបញ្ជាក់ថា ការចាប់ផ្ដើមចូលឆ្នាំចិន គឺជាការចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងចង្រៃមួយឈ្មោះ «នៀន» ដែលចេញមកបំផ្លាញផលដំណាំង និងយីយារសត្វពាហនៈ និងកូនក្មេង។ ទោះយ៉ាងណា ប្រជាជនបានរកឃើញចំណុចខ្សោយរបស់សត្វ នៀន គឺវាខ្លាចសំឡេងកងរំពង ខ្លាចភ្លើង និងខ្លាចពណ៌ក្រហម។ ពណ៌ក្រហមក៏បានក្លាយជានិមិត្តរូបនៃសុភមង្គលនិងសំណាងល្អ។
តាំងពីនោះមកគេសង្កេតឃើញថា ជនជាតិចិន ឬជនជាតិខ្មែរដែលជាប់សែស្រឡាយចិន មានការគោរពប្រណិប័តន៍ ឬជំនឿផ្សេងៗក្នុងថ្ងៃចូលឆ្នាំចិន ដែលតម្រូវឱ្យមានបិទយ័ន្តផ្ទះ ដុតផាវ លោតម៉ុងសាយ សែនព្រេន ដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គាសីលក្នុងផ្ទះដែលលាយឡំទៅ ដោយអំពូលភ្លើងអគ្គិសនីចម្រុះពណ៌ហើយ និងមានចងក្រដាសពាក្យស្លោកអក្សរចិនជូនពរឆ្នាំថ្មី និងមានលម្អអាំងប៉ៅក្រហមឆ្អិនឆ្អៅ។
មួយវិញទៀតជនជាតិចិនក៏មានតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ឬជំនឿការគោរពផ្សេងៗយ៉ាងកប់ជ្រៅ។ ពួកគេមានតំណមជាច្រើន ក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឬហៅថា ឈឺអ៊ិច។ ក្នុងរយ: ពេល៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ ពោលគឺត្រូវតំណមមិនយំ, តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់, ហាមចូលបន្ទប់របស់អ្នកដទៃ, មិនឱ្យបែកចាន ឬកែវ។ល។
ប្រជាពលរដ្ឋខ្មែរចិនទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្ត បានប្រាប់ថា ការដាក់តាំងផ្កាអង្គាសីលនោះក៏ដើម្បីមើលជោគជតារាសីរបស់គេម្នាក់ៗ ដោយមានជំនឿថា បើផ្កានោះរីកល្អគឺគេនឹងមានលាភអាចប្រកបរបររកស៊ីមានបាននៅក្នុងឆ្នាំថ្មីនោះ ប៉ុន្តែប្រសិនបើផ្កាមិនរីកល្អទេ គឺរាសីគេដាក់ហើយ ដូច្នោះនៅក្នុងឆ្នាំថ្មីនោះគេនឹងមិនហ៊ានធ្វើជំនួញអ្វីធំដុំអ្វីឡើយ។
ទោះយ៉ាងណាក៏ដោយ អាជ្ញាធររាជធានីភ្នំពេញ ក៏បានចេញសេក្តីប្រកាសហាមឃាត់ការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ចាប់ពីថ្ងៃទី២១ ដល់ទី២៣។ ក្រៅពីនេះ អាជ្ញាធរក៏ហាមមិនឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតផងដែរ។ ជាមួយនឹងគ្នា ក្រុមមានសមត្ថកិច្ចនឹងពង្រាយកម្លាំងនៅតាមទីកន្លែងនានា ដើម្បីរក្សាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ៕

ក្រុមអ្នកជំនាញកែលម្អប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ប្រឈមនិងការបាក់រលំ
លំហូរជនជាតិចិន និងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លើទឹកដីកម្ពុជា
កម្ពុជារៀបចំពិធីអបអរសាទរការដាក់បញ្ចូលកីឡាគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
