សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន

សន្ទុះនៃការចាប់អារម្មណ៍មកលើវិស័យមួយនេះ ស្របពេលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានត្រៀមខ្លួនក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយ័តករមូលបត្រកម្ពុជានៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
ដើម្បីបញ្ច្រាបព័ត៌មានអំពីវិស័យមូលបត្រនៅកម្ពុជា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី៤ ខែមីនា នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ជូនដល់អ្នកសាធារណជនទូទៅ និងអាណាព្យាលបាលសិស្ស។
សិក្ខាសាលាដែលរៀបចំធ្វើនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងនេះ មានការចូលរួមពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ អ អេច ប៊ី ស៊ីឃ្យូរីធី ព្រមទាំងសាធារណជនចូលរួមប្រមាណជិត៣០០នាក់។
ក្នុងការធ្វើបទបង្ហាញ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងពីការបោះជំហាន និងការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនយ៉ាងដូច្នេះថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានគោលដៅច្បាស់លាស់ទៅថ្ងៃអនាគត ក្នុងការចូលទីផ្សារមូលបត្រកម្ពុជា ដោយក្រុមហ៊ុនមានសក្ដានុពលក្នុងការអភិវឌ្ឍ នឹងបន្ដផែនការពង្រីកសាខារហូតដល់១៦០សាលា ដើម្បីបំពេញទៅតាមត្រូវការរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សទៅតាមតំបន់នានានៅទូទាំងប្រទេសកម្ពុជា។ ដើម្បីអាចធ្វើទៅបានក្រុមហ៊ុនត្រូវការទុនវិនិយោគបន្ថែមប្រមាណ៣៥០លានដុល្លារឯណោះក្នុងការវិនិយោគ។ អ្នកឧកញ៉ាបន្តថា ចំពោះការចូលក្នុងទីផ្សារមូលបត្រ គឺជាឱកាសក្នុងការពង្រីកខ្លួនឱ្យបានលឿន និងឆាប់រហ័ស ប្រសិនបើមានអ្នកវិនិយោគទុនច្រើនពីក្នុងប្រទេស និងក្រៅប្រទេស។
លោកបន្ដថា ការពង្រីកសាខារបស់ក្រុមហ៊ុន គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាល និងជំរុញវិស័យអប់រំឱ្យកាន់ខ្លាំង និងមានគុណភាព។ អ្នកឧកញ៉ាបានលើឡើងថា យើងមិនត្រឹមតែត្រូវការចំណេះដឹងទូទៅពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី១២នោះទេ យើងត្រូវការសាកលវិទ្យាល័យដែលមានគុណភាព និងបណ្ដុះបានធនធានមនុស្សចេញមកបម្រើការជូនក្រុមហ៊ុន និងកសាងប្រទេសបាន។
អ្នកជំនាញលើវិស័យអប់រំនេះបានសង្កត់ធ្ងន់ថា ដើម្បីអាចធ្វើទៅបានទាល់តែមានអ្នកចាប់ផ្ដើម ហើយអាចចាប់ផ្ដើមទៅបានទាល់តែមានក្រុមហ៊ុនណាមួយឡើងទីផ្សារមូលបត្រ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេសមានទំនុកទុកចិត្ដចូលមកប្រទេសខ្មែរធ្វើការវិនិយោគទុននៅលើវិស័យមួយហ្នឹង។
លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ អ អេច ប៊ី ស៊ីឃ្យូរីធី បានបង្ហាញពីចំណុចសក្ដានុពលជាច្រើនដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អាចចូលទីផ្សារមូលបត្របែបនេះថា សម្រាប់ក្រុមហ៊ុន MJQE មានប្រវត្ដិ១៨ឆ្នាំនៅក្នុងវិស័យអប់រំមួយនេះ ហើយសម្រាប់ទីផ្សារសព្វថ្ងៃ គឺមានឱកាសក្នុងការរីកចម្រើនទៅឆ្ងាយទៀត ដោយសារកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការទទួលស្គាល់ទូទាំងប្រទេស ប៉ុន្ដែតំបន់សេវាកម្មអប់រំសព្វថ្ងៃនេះ គឺនៅមានតិចណាស់ ហើយទីតាំងដែលក្រុមហ៊ុនអាចបន្ដបើកបាន គឺមានរាប់សិបកន្លែងទាំងនៅភ្នំពេញ និងតំបន់នានា ដូចនេះ ក្រុមហ៊ុនមានឱកាសរីកចម្រើនមែនទែន។លោកបន្ដថា ក្រុមហ៊ុន MJQE មានគ្រឹះរឹងមាំ មានកេរ្ដិ៍ឈ្មោះល្បីល្បាញស្រាប់ ហើយអ្វីកាន់ពិសេសក្រុមហ៊ុនមានឱកាសពង្រីកសក្ដានុពលរបស់ខ្លួនបានវែងឆ្ងាយតទៅទៀត។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ឡើយដែលក្រុមហ៊ុន MJQE រៀបចំសិក្ខាសាលាស្តីពី ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្ម ព្រោះកន្លងមកគឺក្រុមហ៊ុនបានរៀបចំសិក្ខាសាលាដើម្បីប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកអាណាព្យាបាលសិស្ស បានយល់ និងចូលរួមជាមួយវិស័យមួយនេះឱ្យបានផុសផុល។
យ៉ាងនេះក្តីអ្នកឧកញ៉ាក៏ជំរុញផងដែរ ដល់និយ័តករទីផ្សារភាគហ៊ុនពន្លឿនកិច្ចការដើម្បីឱ្យក្រុមហ៊ុនMJQEបានចូលក្នុងទីផ្សារមូលបត្រកាន់តែឆាប់ផងដែរ៕