យុទ្ធនាការណែនាំកុមារពីសុវត្ថិភាពចំណីអាហាររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តចុះដល់សាខាតាកែវ

ពាក់ព័ន្ធបញ្ហានេះ លោក តេង តាំងគា ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យកុមារយល់ដឹងពីរបបអាហារណាដែលគួរទទួលទានហើយអាចជួយទ្រទ្រង់សុខភាពនិងខួរក្បាល និងអាហារមិនគួរទទួលទានព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយក្នុងវ័យដែលកុមារកំពុងទទួលបានការលូតលាស់ និងអត្ថប្រយោជន៍ជាច្រើនទៀតដែលកុមារគួរតែទទួលបាន។
លោក បញ្ជាក់ថា កម្មវិធីនេះឡើង ក្នុងន័យដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ បណ្តុះបណ្តាល អប់រំចំណេះដឹង និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចំណីអាហារ ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនាពេលអនាគត។
លោក តេង តាំងគា បានអះអាងថា «ក្រោយបញ្ចប់សិក្សាសាលាដ៏មានសារសំខាន់នេះ ពួកគាត់បានដឹងពីប្រភេទអាហារដែលអាចទ្រទ្រង់សុខភាពរាងកាយបានរឹងមាំ និងលូតលាស់ល្អ។»
សូមជម្រាបជូនថា យុទ្ធនាការសុវត្ថិភាពចំណីអាហារដល់កុមារនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ផ្ដើមដំបូងពីសាខាចោមចៅនៅថ្ងៃទី១ ខែកុម្ភៈ និងសាខាតាកែវធ្វើនៅថ្ងៃទី៣ ខណៈសាខាផ្សារថ្មីនឹងធ្វើឡើងនៅថ្ងៃទី៧ កុម្ភៈសាខាចាក់អង្រែនៅថ្ងៃទី៩ កុម្ភៈ ដោយឡែកសាខាម៉ៅសេទុង ព្រមទាំងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ សាខាទួលគោក សាខាខេត្តសៀមរាប នឹងប្រព្រឹត្តិទៅតាមថ្ងៃបន្តបន្ទាប់៕