ក្រសួងប្រាប់ឱ្យរាយការណ៍តាមលេខទូរសព្ទទាន់ហេតុការណ៍ ប្រសិនបើមានករណីសង្ស័យពីជំងឺអុតស្វា

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា កាលពីម្សិលមិញ បានចេញផ្សាយអត្ថបទមួយ ដោយពន្យល់ពិស្ថានភាពជំងឺអុតស្វាដែលបានកើតឡើងលើសាកលលោក ដែលផ្តើមចេញពីប្រទេសអង់គ្លេស។
លោកស្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡើយទេ។ ទោះបីជាជំងឺស្វាមិនទាន់មានករណីនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែលោកស្រីអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្នុងប្រទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ពោលគឺទាំងបុគ្គល គ្រួសារ និងសហគមន៍ត្រូវតែបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន។
ជាមួយនឹងគ្នានេះ លោកស្រីបានជំរុញឱ្យយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានការកើតឡើងនូវជំងឺអុតស្វា ហើយត្រូវរាយការណ៍ភ្លាមៗទៅអាជ្ញាធរសុខាភិបាល ឬទៅលេខ ១១៥ ប្រសិនបើមានករណីសង្ស័យ។
គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត ដ្បិតការពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ជាទីបំផុត។ នេះជាការណែនាំបន្ថែមដោយលោកស្រី ឱ វណ្ណឌីន។
ទាក់ទិននឹងការព្រួយបារម្ភអំពីជំងឺអុតស្វានេះដែរ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ឯកទេសផ្នែកសុខភាពសាធារណៈ បានលើកឡើងថា ជំងឺនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ១៩៥៨ និងឆ្លងទៅមនុស្សដំបូងនៅឆ្នាំ១៩៧០ នៅហ្វ្រិក ដែលជំងឺអុតស្វានេះ ស្រដៀងនិងស្រាលជាងជំងឺអុតស្វាយ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ជំងឺអុតស្វាត្រូវបានរកឃើញជាថ្មី ប្រមាណ៨០ករណី នៅអឺរ៉ុប ប្រទេសចំនួន១២ ហើយចំពោះជំងឺនេះ វាមានរោគសញ្ញានៃការភ្ញាស់ ដែលជាមធ្យមភាគចាប់ប្រាំមួយថ្ងៃទៅម្ភៃមួយថ្ងៃ ដោយចាប់ផ្ដើមរោគសញ្ញាដំបូងរមាស់ស្រាលៗ បន្ទាប់មកទៀតវាមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្ដាសាយធំ ដូចជាឈឺខ្លួនប្រាណ ទ្រោមៗ ឈឺក្បាល ក្ដៅខ្លួន ស្រៀវស្រាញ។ ពីរទៅបីថ្ងៃក្រោយមកទៀត គឺរមាស់ចាប់ផ្ដើមរាលដំបូងនៅលើមុខ នៅលើខ្លួន លើដៃជើង ហើយពីរទៅបីសប្ដាហ៍សម្លាកហើរចេញមកក្រៅអស់។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា «ជំងឺនេះ គឺឆ្លងពីសត្វទៅមនុស្ស និងឆ្លងពីមនុស្សទៅមនុស្ស តាមរយៈក្អក តាមរយៈទឹករងៃ តាមបំពង់ខ្យល់ តាមភ្នែក ច្រមុះ មាត់ និងតាមយៈកោសិការស្ដើងដែលងាយជ្រាបចូល»។
លោកសង្កត់ធ្ងន់ថា ជំងឺនេះជាក់ស្ដែងពុំមានវិធីសាស្ត្រសម្រាប់ព្យាបាលនោះទេ ប៉ុន្តែគេមានវិធីសាស្ត្រដែលអាចទប់ស្កាត់បាន ខណៈអត្រាស្លាប់ដោយសារជំងឹនេះ គឺស្ថិតក្នុងកម្រិតមួយទាប ប្រហែលជា៣ទៅ៦ភាគរយប៉ុណ្ណោះ។
«ជាទូទៅក្នុងរយៈពីពីរទៅប្រាំមួយសប្ដាហ៍ គឺជំងឺនេះវាបាត់ទៅវិញហើយ។ ចាប់ផ្ដើមព្យាបាល ចាប់ផ្ដើមជាទៅវិញហើយ។ វាមិនធ្ងន់ធ្ងរដល់ជីវិតទេ អត្រាអ្នកស្លាប់មានតែចំនួន៣ទៅ៦ភាគរយប៉ុណ្ណោះ ក៏ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ហើយនិងអាចគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋមានប្រព័ន្ធការពារខ្សោយ។ ដូច្នេះហើយគេមានការព្រួយបារម្ភចំពោះអ្នកទន់ខ្សោយ ជាពិសេសសម្រាប់មនុស្សវ័យក្មេង និងវ័យចាស់ជរា ដែលមានប្រព័ន្ធការពារទន់ខ្សោយ»។ នេះជាការបញ្ជាក់បន្ថែមដោយវេជ្ជបណ្ឌិត គួច ម៉េងលី។
យោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះ គឺអាចទប់ស្កាត់ និងការការពារបាន ប្រសិនបើបុគ្គលគ្រប់រូបបានចាក់វ៉ាក់សាំងអុតស្វាយ។ បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាវេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋការពារខ្លួនកុំឱ្យកណ្ដុរ ស្វា និងសត្វផ្សេងៗទៀតខាំ។ ក្រៅពីនេះ គឺត្រូវពាក់ម៉ាស់ និងអនាម័យដៃឱ្យមានញឹកញាប់ ដើម្បីចៀសវាងការឆ្លងពីបុគ្គលទៅបុគ្គល ទោះបីជាបច្ចុប្បន្នមិនទាន់មានករណីឆ្លងជំងឺជំងឺនេះក៏ដោយ៕