ជួបជាមួយម្ចាស់ពាននិងមេដាយមាស «ការប្រកួតបញ្ចេញសំឡេងភាសាចិន» ពានរង្វាន់ម៉េងលី ជេ. គួច រដូវកាលទី៤ កុមារា តាំង សំរឹទ្ធបញ្ញា Aii សាខាផ្សារថ្មី

មានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ កុមារា តាំង សំរឹទ្ធបញ្ញា បានចូលសិក្សាភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី ទើបតែកំលុងចុងឆ្នាំ២០២២នេះទេ ហើយបញ្ញា បានចូលរៀនក្នុងកម្មវិធីសិក្សាភាសាចិនថ្នាក់កម្រិតដំបូង និងចូលរួមការប្រកួតជាលើកដំបូងសម្រាប់រូបគេផងដែរ។ នេះសបញ្ជាក់ថា អ្វីគ្រប់យ៉ាងចាប់ផ្តើមជាមួយលើកដំបូង និងការប្តេជ្ញាចិត្តក្នុងការចាប់ផ្តើមនិងសាកល្បង។
កុមារាមានវ័យត្រឹមតែ ១១ឆ្នាំរូបនេះ បានបង្ហើបប្រាប់ MJQTV ថា គន្លឹះក្នុងការរៀនភាសាចិនឱ្យឆាប់ចេះនិយាយឱ្យបានលឿននិងស្ទាត់ គឺត្រូវយល់ដឹងពី Pinyin និងការបញ្ចេញសឡេងពាក្យឱ្យបានត្រឹមត្រូវ រួមទាំងការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ហើយធ្វើកិច្ចការដែលគ្រូដាក់ឱ្យៗបានទៀងទាត់ ជាពិសេសនោះ គឺត្រូវហាត់រៀននិយាយជាមួយមិត្តភក្តិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
បញ្ញា និយាយថា «មិនថាពេលរៀនក្នុងថ្នាក់ ឬពេលនៅជាមួយមិត្តភក្តិទេ ការហាត់និយាយដោយមិនខ្មាស់អៀន គឺអាចធ្វើឱ្យយើងកាន់តែស្ទាត់មាត់ជាមួយភាសាចិន ហើយពេលខ្លះការមើលរឿង ការស្ដាប់បទចម្រៀង ហើយត្រាប់តាម គឺអាចឱ្យខ្ញុំឆាប់ចេះនិយាយលឿនមែនទែន។»
ទើបតែចូលរួមក្នុងការប្រកួតជាលើកដំបូង ម្ចាស់ជ័យលាភីវ័យក្មេងរូបនេះ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ជាមួយអ្វីដែលខ្លួនបានខិតខំប្រឹងប្រែង យ៉ាងដូច្នេះ «ការប្រកួតនេះគឺជាលើកទី១របស់ខ្ញុំ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលខ្ញុំបានChampion (ពានរង្វាន់) នៅលើកនេះ ជ័យលាភីនេះថ្ងៃនេះមានសារៈសំខាន់ច្រើនណាស់ ហើយខ្ញុំរំភើបចំពោះខ្លួនឯង ដែលមានភាពក្លាហានបានឡើងមកលើកឆាកប្រកួតបែបនេះ»។
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ កាលពីថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បានរៀបចំ «ការក្រកួតបញ្ចេញសំឡេងភាសាចិន» ពានរង្វាន់ម៉េងលី ជេ. គួច រដូវកាលទី៤ នៅសាខាម៉ៅសេទុង។ ក្រោយចប់ការប្រកួតម្ចាស់ជ័យលាភីលេខមួយ គឺកុមារា តាំង សំរឹទ្ធបញ្ញា ទទួលបាន ពានរង្វាន់ម៉េងលី ជេ.គួច រដូវកាលទី៤ចំនួន១ មេដាយមាសចំនួន១ អាហារូបករណ៍១០០% សម្រាប់សិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បណ្ណសរសើរ រួមទាំងវត្ថុអនុស្សាវរីយ៍មួយចំនួន៕