អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម

អ្នកឧកញ៉ា បានសរសេរបកស្រាយនៅក្នុងទំព័រគណនីហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះ៖ «ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?។»
ជាមួយនឹងគ្នានេះ លោកក៏បានស្នើឱ្យអ្នកដែលចែករំលែកបន្ត បែបអវិជ្ជមានមកលើរូបលោក សូមបញ្ឈប់ធ្វើសកម្មភាពនេះ ដើម្បីចៀសវាងការយល់ច្រឡំ ជាបន្តទៀត។
មិនបានប៉ុន្មានម៉ោងផង ក្មេងស្រីដែលបានយករូបថតអ្នកឧកញ៉ាមកបង្ហោះនៅលើហ្វេសប៊ុកនោះ បានសុំការអធ្យាស្រ័យចំពោះការបង្ហោះនោះ ដោយលើកឡើងថា ដោយសារតែឃើញមានអ្នកសុំថតរូបជាមួយអ្នកឧកញ៉ាច្រើន ក៏ចូលរួមសុំថតដែរ ហើយដោយនឹកឃើញថាជាឱកាសល្អមិនងាយនឹងបានជួបអ្នកឧកញ៉ា ក៏សុំថតរូបទុកជាអនុស្សាវរីយ៍។
គួរបញ្ជាក់ជូនថា រូបថត ២សន្លឹកនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើឱ្យមានមតិរិះគន់ចំពោះលោក។ ប៉ុន្តែ ក៏មានមតិគាំទ្រដោយលើកឡើងថា នេះជាជីវិតឯកជនភាពរបស់លោក ខណៈពួកគេគាំទ្រលើការចែករំលែកចំណេះដឹងផ្នែកសុខភាព និងចំណេះដឹងទូទៅផ្សេងៗកន្លងមក៕