ក្រសួងបរិស្ថានលើកពីបញ្ហាប្រឈមចំនួន៥ដែលកើតឡើងក្នុងការគ្រប់គ្រងសំរាម

ក្នុងបទបង្ហាញរបស់លោក ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានការពារបរិស្ថាន ដែលត្រូវបានបង្ហាញនៅក្នុងសនិ្នបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារ២០២៣ បានឱ្យដឹងថា ការគ្រប់គ្រងសំរាម សំណល់រឹង បានចំនួន២៦៤ លើ ៣៤៦ លើទីប្រជុំជននៃក្រុង ស្រុក ខណ្ឌ២០៤។ ទីលានទុកដាក់សំរាម សំណល់រឹង ប្រកបដោយអនាម័យមានចំនួន៧កន្លែង មាននៅខេត្ត ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងកំពង់ធំ ព្រមទាំងកំពុងសាងសង់៣កន្លែងផ្សេងទៀត គឺនៅខេត្តក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ។ ក្នុយបទបង្ហាញដដែលបន្តថា ទីលានទុកដាកសំរាម សំណល់រឹងចំហមានចំនួន២១១កន្លែងនៅទូទាំងប្រទេស ទីតាំងប្រមូលទិញមានចំនួន៦៧៣ទីតាំង។
យ៉ាងនេះក្តីបទបង្ហាញបានបង្ហាញបញ្ហាប្រឈមថា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកផ្ដល់សេវាសំរាម នៅមានភាពខ្វះខាតទាំង បទពិសោធន៍ មធ្យោបាយ និងធនធាន។ ការគ្របគ្រងមធ្យោបាយដែលមាន មិនទាន់មានប្រសិទ្ធភាព។ ការចូលរួមប្រើប្រាស់ និងបង់ថ្លៃសេវានៅមានកម្រិត។ ទីលានទុកដាក់សំរាមភាគច្រើនជាលានចំហ ហើយក្រុង ស្រុកមួយចំនួន មិនមានដីសម្រាប់រៀបទីលាន។ បញ្ហាចុងក្រោយ គឹការកែច្នៃសំរាមនៅមានកម្រិតតិចជាងបរិមាណដែលបង្កើត ពោលគឺត្រឹមតែ៦%ប៉ុណ្ណោះ ។
អ្វីដែលជាដំណោះស្រាយក្នុងបទបង្ហាញបានឱ្យដឹងថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំយន្តការគ្រប់គ្រងសំរាម សំណល់រឹង ព្រមទាំងកែលម្អ រៀបចំទីលាន និងគ្រប់គ្រងមធ្យោបាយដែលបានផ្ដល់ឱ្យមានប្រសិទ្ធភាព។ ជំរុញឱ្យមានការញែកសំណល់តាមប្រភព និងបង់ថ្លៃសេវាសំរាម។ ចាត់វិធាន ឬបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកមួយចំនួន តាមរយៈការរៀបចំ និងលើកទឹកចិត្តការកែច្នៃក្នុងស្រុក និងចំណុចចុងក្រោយគឺបន្តគាំទ្របច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
កម្មករកំពុងប្រមូលសំរាមពីរោងចក្រមួយកន្លែងនៅជាយរាជធានីភ្នំពេញ
រថយន្តប្រមូលសំរាមបត់ចូលទៅទីលានចាក់សំរាមដង្កោ