
មនុស្សរាប់សែននាក់ដែលត្រូវជម្លៀសពីតំបន់រងគ្រោះ បច្ចុប្បន្នកំពុងរស់នៅទីវាល ខណៈទឹកជំនន់ដែលរីករាលដាលរាប់រយគីឡូម៉ែត្រ អាចនឹងត្រូវចំណាយពេលរហូតដល់២ទៅ៦ខែដើម្បីស្រកវិញ ដែលបង្កឱ្យមានការរីករាលដាលនៃការឆ្លងមេរោគសើស្បែក និងភ្នែក រាក គ្រុនចាញ់ គ្រុនពោះវៀន ឬគ្រុនឈាមជាដើម។
ជុំវិញវិបត្តិនេះ តារាសម្តែងហូលីវូដ អ្នកស្រី Angelina Jolie បានចុះទៅសួរសុខទុក្ខប្រជាជនដែលផ្លាស់ទីលំនៅ ជាមួយអង្គការជំនួយអន្តរជាតិ IRC ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹង ហើយអ្នកស្រីបារម្ភថា មនុស្សជាច្រើនអាចនឹងទ្រាំទ្រមិនបាន ប្រសិនបើជំនួយបន្ថែមមិនទាន់មកដល់។ អ្នកស្រីបាននិយាយថា «ខ្ញុំបានឃើញជីវិតប្រជាជនដែលត្រូវបានសង្គ្រោះ» ប៉ុន្តែបើគ្មានជំនួយគ្រប់គ្រាន់ អ្នកផ្សេងទៀតនឹងទ្រាំទ្រមិនរួចទេ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ទន្ទឹមនឹងនោះ អាជ្ញាធរនិងបុគ្គលិកជំនួយ ក៏បានអំពាវនាវឱ្យមានជំនួយជាបន្ទាន់បន្ថែមទៀតដែរ សម្រាប់គ្រួសារដែលផ្លាស់ទីលំនៅ និងកំពុងប្រឈមជាមួយហ្វូងមូស ក៏ដូចជាគ្រោះថ្នាក់ផ្សេងទៀតដូចជា សត្វពស់ចឹកឬឆ្កែខាំ។ យ៉ាងណាមិញ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអង្គការសង្គ្រោះក្នុងស្រុក និងបរទេសក៏ដោយ ក៏ប្រជាជនជាច្រើននៅតែត្រូវការអាហារ ទីជម្រក ជំនួយផ្នែកវេជ្ជសាស្ត្រ និងថ្នាំពេទ្យ។
ជាមួយនឹងប្រព័ន្ធសុខាភិបាលទន់ខ្សោយនិងកង្វះការគាំទ្ររបស់ប៉ាគីស្ថាន គ្រួសារភៀសខ្លួនបានត្អូញត្អែរពីការបង្ខំចិត្តទទួលទាននិងចម្អិនអាហារជាមួយទឹកដែលមិនមានសុវត្ថិភាព ហើយជនរងគ្រោះដោយសារទឹកជំនន់ម្នាក់ ឈ្មោះ Ghulam Rasool បានប្រាប់ទូរទស្សន៍ Geo News TV ថា៖ «យើងដឹងថា វាអាចធ្វើឱ្យយើងឈឺ ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺយើងត្រូវផឹកវាដើម្បីរស់»។
ពិតណាស់ រដូវមូសុងជាប្រវត្តិសាស្ត្រ បានបង្អុរភ្លៀងប្រហែល៣ដងច្រើនជាងមធ្យមភាគ៣ទសវត្សរ៍របស់ប្រទេសប៉ាគីស្ថាន ដោយបង្កឱ្យមានគ្រោះទឹកជំនន់មិនធ្លាប់មានពីមុនមក ហើយមហន្តរាយនេះបានប៉ះពាល់ដល់មនុស្សជិត៣៣លាននាក់ ក្នុងចំណោមប្រជាជន២២០លាននាក់នៃប្រទេសអាស៊ីខាងត្បូងមួយនេះ និងបានបំផ្លិចបំផ្លាញផ្ទះសំបែង ដំណាំ ស្ពាន ផ្លូវថ្នល់ និងសត្វពាហនៈ ដែលគិតជាទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA៕