
ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបើកការវាយឆ្មក់ដ៏ធំបំផុត

ប្រភពរូបភាព៖ The Straits Times
ថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងរយៈពេលជាច្រើនឆ្នាំនៅតំបន់ West Bank បានផ្ទុះឡើង កំលុងពេលការវាយឆ្មក់លើជំរុំជនភៀសខ្លួនក្នុងក្រុង Jenin ភាគខាងជើង ជាទីដែលមានការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លាតាមដងផ្លូវ។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានដាក់ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នានេះក្នុងចំនួន៩នាក់ ដោយបន្ថែមថា មនុស្សយ៉ាងតិច២០នាក់ផ្សេងទៀតបានរងរបួស មុនពេលកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញ។
ជាមួយគ្នានោះ ក្រុមយោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានរងការបាញ់ប្រហារនៅពេលមានប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីចាប់ខ្លួនក្រុមភេរវករជីហាតអ៊ីស្លាម និងបានបាញ់សម្លាប់អ្នកប្រយុទ្ធដែលជាសត្រូវជាច្រើន។
ចាប់តាំងពីការកត់ត្រារបស់ខ្លួននៅក្នុងឆ្នាំ២០០៥មក អង្គការសហប្រជាជាតិ មិនដែលកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បែបនេះនៅក្នុងប្រតិបត្តិការតែមួយនៅតំបន់ West Bank នោះទេ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនទីដប់ត្រូវបានកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់នៅក្នុងក្រុង Al-Ram ក្បែរក្រុង Ramallah ខណៈទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានអះអាងថា បុរសនោះត្រូវបានបាញ់សម្លាប់ក្នុងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងកំលុងពេលតវ៉ាជុំវិញការសម្លាប់នៅក្រុង Jenin។
អំពើហឹង្សានេះដែរ បានជំរុញឱ្យអាជ្ញាធរប៉ាឡេស្ទីនប្រកាសថា ខ្លួនកំពុងកាត់បន្ថយការសម្របសម្រួលផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល ដែលជាទង្វើមួយដែលត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក ហើយការលុកលុយគឺសំដៅលើក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមដែលត្រូវបានចោទប្រកាន់ថា នៅពីក្រោយការវាយប្រហារលើទាហាន និងជនស៊ីវិលអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន The Straits Times យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន២០០នាក់ និងជនជាតិអ៊ីស្រាអែល២៦នាក់ ត្រូវបានសម្លាប់នៅទូទាំងអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនក្នុងឆ្នាំ២០២២ ដែលភាគច្រើនគឺនៅតំបន់ West Bank។
ជុំវិញករណីនេះ បេសកជនសន្តិភាពរបស់អង្គការសហប្រជាជាតិ លោក Tor Wennesland បាននិយាយថា លោកមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងបន្តនៅក្នុងតំបន់ West Bank៕

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង
ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី
ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន
