
ប្រភពរូបភាព៖ The Straits Times
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TV2 ប្រមុខការពារជាតិនៃប្រទេសន័រវេស លោក Eirik Kristoffersen បាននិយាយថា «ការខាតបង់របស់រុស្ស៊ីកំពុងចាប់ផ្តើមខិតជិតដល់ចំនួនទាហានស្លាប់ ឬរបួសប្រហែល១៨០ ០០០នាក់ហើយ» ខណៈ «អ៊ុយក្រែនមានទាហានប្រហែលជាជាង១០០ ០០០នាក់បានស្លាប់ ឬរងរបួស។ លើសពីនេះ អ៊ុយក្រែនមានជនស៊ីវិលប្រហែល៣០ ០០០នាក់ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍សង្រ្គាមដ៏អាក្រក់នេះ»។
កាលពីខែវិច្ឆិកា ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពអាមេរិក លោក Mark Milley បានបញ្ជាក់ពីចំនួនទាហានដែលខាតបង់របស់ប្រទេសទាំងពីររួចមកហើយ ដោយលើកឡើងថា កងទ័ពរុស្ស៊ីបានទទួលរងនូវការបាត់បង់ជីវិតច្រើនជាង១០០ ០០០នាក់ ហើយចំនួនស្រដៀងគ្នានេះ ក៏ត្រូវបានរកឃើញនៅខាងប្រទេសអ៊ុយក្រែនដែរ។
យ៉ាងណាមិញ តួលេខទាំងនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។ ចំណែកក្រុងមូស្គូ និងរដ្ឋធានីគៀវ មិនបានផ្តល់ទិន្នន័យដែលអាចទុកចិត្តបានជុំវិញការខាតបង់អស់រយៈពេលជាច្រើនខែមកនេះទេ។
បើតាមលោក Eirik Kristoffersen ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ រុស្ស៊ីនៅតែអាចបន្តសង្រ្គាមបានយូរ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថា តើអ៊ុយក្រែននឹងអាចបណ្តេញកងទ័ពអាកាសរុស្ស៊ីចេញពីសង្រ្គាមដែរឬទេ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការវាយប្រហារភាគច្រើនរបស់រុស្ស៊ី ត្រូវបានអនុវត្តដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជំរុញឱ្យអ៊ុយក្រែនខ្នះខ្នែងស្វែងរកជំនួយសព្វាវុធពីបណ្តាប្រទេសលោកខាងលិចមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Straits Tiimes៕