WHO ជំរុញឱ្យចាត់វិធានការជាបន្ទាន់ បន្ទាប់ពីករណីស្លាប់កុមារដោយសារថ្នាំស៊ីរ៉ូកាលពីឆ្នាំមុន

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅឆ្នាំ២០២២ កុមារជាង ៣០០នាក់នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូនេស៊ី និងអ៊ូសបេគីស្ថានដែលភាគច្រើនមានអាយុក្រោម៥ឆ្នាំ បានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាវ ដោយករណីទាំងនេះផ្សារភ្ជាប់ជាមួយនឹងថ្នាំស៊ីរ៉ូក្អកដែលមានកម្រិតនៃសារធាតុពុល diethylene glycol និង ethylene glycol ខ្ពស់។
អង្គការដដែលបានបញ្ជាក់យ៉ាងដូច្នេះ «សារធាតុកខ្វក់ទាំងនេះ គឺជាសារធាតុគីមីពុលដែលត្រូវបានប្រើប្រាស់ជាសារធាតុរំលាយ និងភ្នាក់ងារបង្កកដែលអាចបណ្តាលឱ្យស្លាប់សូម្បីតែក្នុងបរិមាណតិចតួចក៏ដោយ ហើយមិនគួរត្រូវបានរកឃើញនៅក្នុងឱសថឡើយ»។
យោងតាមរបាយការណ៍ ក្នុងរយៈពេល៤ខែចុងក្រោយនេះ ប្រទេសចំនួន៧ បានរកឃើញថ្នាំស៊ីរ៉ូដែលមានមេរោគ ហើយបានអំពាវនាវឱ្យមានវិធានការនៅទូទាំងរដ្ឋជាសមាជិកចំនួន១៩៤របស់ខ្លួនដើម្បីការពារការស្លាប់បន្ថែមទៀត។
ជាមួយគ្នានោះ អង្គការសុខភាពពិភពលោក ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ដែលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រ ចាត់វិធានការដោះស្រាយជាបន្ទាន់។ កាលពីខែតុលា និងដើមខែនេះ អង្គការបានផ្ញើសេចក្តីជូនដំណឹងអំពីផលិតផលជាក់លាក់រួចទៅហើយ ដោយស្នើសុំឱ្យកម្ចាត់ថ្នាំស៊ីរ៉ូក្អកដែលផលិតដោយក្រុមហ៊ុនឱសថ Maiden របស់ប្រទេសឥណ្ឌា និងក្រុមហ៊ុន Marion Biotech។
អង្គការមួយនេះ ក៏បានចេញការព្រមានកាលពីឆ្នាំមុនផងដែរចំពោះថ្នាំក្អកដែលផលិតដោយក្រុមហ៊ុនផលិតឥណ្ឌូនេស៊ីចំនួន៤គឺក្រុមហ៊ុន PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma ដែលត្រូវបានលក់ក្នុងស្រុក។
ទោះជាយ៉ាងណា ក្រុមហ៊ុនដែលពាក់ព័ន្ធ បានបដិសេធថា ផលិតផលរបស់ពួកគេមិនមានសារពុលនោះទេ ហើយក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ ខណៈពេលការស៊ើបអង្កេតកំពុងបន្ត។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Straits Times៕