
ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond)

មូលបត្រកម្មសិទ្ធិ (Stock)
ផលិតផលទ្រព្យកម្មសិទ្ធិ គឺជាមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុនសាធារណៈ ដើម្បីកៀងគរមូលនិធិពីសាធារណៈជន។ វារួមបញ្ចូលទាំងភាគហ៊ុនរបស់ក្រុមហ៊ុន ដែលតំណាងឱ្យភាពជាម្ចាស់របស់វិនិយោគិននៅក្នុងក្រុមហ៊ុននោះ។ ភាពជាម្ចាស់នៃទ្រព្យកម្មសិទ្ធិ នឹងផ្តល់សិទ្ធិដល់ភាគហ៊ុនិកនូវចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនតាមរយៈភាគលាភ។ ភាគហ៊ុនិកគឺជាម្ចាស់នៃអាជីវកម្ម ព្រមទាំងចូលរួមទទួល នូវការចែករំលែកភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន។ លទ្ធផលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី ជាធម្មតាអាចវាយតម្លៃបាន តាមរយៈភាគលាភដែលភាគហ៊ុនិកបានទទួល និងតាមរយៈថ្លៃភាគហ៊ុនដែលបានដាក់ថ្លៃនៅលើទីផ្សារ។ មានមូលបត្រ២ប្រភេទ ដែលអាចដាក់ជួញដូរ នៅលើផ្សារមូលបត្រកម្ពុជា (ផមក)៖
១. ភាគហ៊ុនធម្មតា
ភាគហ៊ុនធម្មតាគឺជាភាគហ៊ុនដែលមានការលើកទឹកចិត្តដោយផ្ទាល់ដល់អ្នកកាន់កាប់ភាគហ៊ុនតាមរយៈ ភាគលាភដែលទទួលបានពីប្រាក់ចំណេញរបស់ក្រុមហ៊ុន ការចំណេញលើមូលធន និងសិទ្ធិក្នុងការទិញភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុនសម្រេចក្នុងការបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួន។
២. ភាគហ៊ុនបុរិមា
ភាគហ៊ុនបុរិមាក៏ជាផ្នែកមួយនៃទ្រព្យកម្មសិទ្ធិផងដែរ។ ភាពខុសគ្នារវាងភាគហ៊ុនបុរិមា និងភាគហ៊ុនធម្មតាគឺ អ្នកកាន់កាប់ភាគហ៊ុនបុរិមានឹងមានសិទ្ធិទទួលបានមូលនិធិ ឬប្រាក់ចំណេញរបស់ក្រុមហ៊ុនមុនភាគហ៊ុនធម្មតា។
សញ្ញាបណ្ណ គឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហ-គ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុនឬអង្គភាពមួយអាចបោះផ្សាយសញ្ញាបណ្ណទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ, បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។
លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុននិងសញ្ញាបណ្ណ គឺថាសញ្ញាបណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយ។ ថ្លៃភាគហ៊ុនអាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះមានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។ ផ្ទុយទៅវិញ សញ្ញាបណ្ណធ្វើការទូទាត់តែការប្រាក់ដែលបានកំណត់ជាមុន ហើយថ្លៃរបស់វាប្រែប្រួលនៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ។
បច្ចុប្បន្ន មានតែប្រភេទសញ្ញាបណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ផមក ដោយសារតែមិនទាន់មាន សញ្ញាបណ្ណរដ្ឋ។ សញ្ញាបណ្ណសាជីវកម្ម ជាប្រភេទមួយនៃមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិ-បុគ្គលប្រតិស្រុត។ យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈចេញដោយគ.ម.ក. សញ្ញាបណ្ណសាជីវកម្មអាចចែកចេញជា៖
១. សញ្ញាបណ្ណធម្មតា ( Plain Vanilla Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅ កាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទិ្ធលក់ (Put Option) និងមិនមានការធានា។
២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាបណ្ណដែលផ្ដល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជា
អសាធនភាព ឬក្ស័យធន។
៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក៕

ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន
ក្រសួងធនធានទឹក៖ ចាប់ពីស្អែកដល់ដំណាច់ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងតិចតួច ជាមួយ អាកាសធាតុចុះត្រជាក់
អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព
