ត្រីរាជ ត្រីគល់រាំង និងត្រីប្រាធំសរុប ៥០០០ក្បាល ត្រូវបានលែងចូលទន្លេមេគង្គមុខព្រះបរមរាជវាំង

រូបភាព៖ ហ្វេសប៊ុក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
ការចូលរួម ពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ពាក់ព័ន្ធបញ្ហានេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ត្រីប្រភេទកម្រជាច្រើនប្រភេទ មានដូចជាត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រឹង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។
ជាមួយនឹងគ្នានេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។
លោក នេត្រ ភក្ត្រា បាននិយាយថា៖ «ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ។»