មកដឹងប្រភពដែលផ្គត់ផ្គង់ផ្កាឈូកក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

រស់ ស្រីណាក់ កំពុងកាច់ផ្កាឈូកនៅជិតបឹងមួយ បានឱ្យ The Intercon Rooster ដឹងថា គាត់ពីរនាក់ប្តីប្រពន្ធបានជួលដីបឹងនេះប្រមាណ ៤០ អាក្នុងភូមិគោករកា១ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យនេះ ដើម្បីដាំឈូកតាំងពី ៣ខែមុន ពោលគឺតម្រូវសម្រាប់ប្រមូលផលផ្កាឈូកនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះតែម្តង។ ស្រ្តីដដែលបន្តថា ក្នុងមួយថ្ងៃគាត់អាចកាច់ផ្កាឈូកនេះបានប្រមាណ ៥០០ទៅ១០០០ដើម ដោយក្នុងមួយដើមពេលដែលយកទៅឱ្យអ្នកលក់បន្តគឺបានក្រោម៥០០រយរៀលក្នុងមួយដើម ដែលតម្លៃនៅឆ្នាំនេះហាក់ថយចុះជាងឆ្នាំមុន។
បើតាមអ្នកស្រី រស់ ស្រីណាក់ មិនមែនមានតែអ្នកស្រីមួយនោះទេ ដែលមកជួលដីគេដើម្បីដាំឈូកយកផ្កានេះ គឺមានអ្នកផ្សេងជាច្រើនបានមកជួយដី និងអ្នកខ្លះជាម្ចាស់ដីក្នុងភូមិគោករកានេះបានដាំដើមឈូកយកផ្កាដើម្បីផ្គត់ផ្គង់ក្នុងឱកាសបុណ្យទានបែបព្រះពុទ្ធសាសនា ជាពិសេសគឺបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
មិនថាប្រទេសឯណានោះទេផ្កាឈូកគឺជាផ្កាដែលគេជ្រើសយកទៅបូជាព្រះក្នុងព្រះពុទ្ធសាសនាជាចាំបាច់សឹងតែខានពុំបាន។ ផ្កាឈូកគឺតំណាងអោយភាពល្អស្អាតបរិសុទ្ធឥតមន្ទិលសៅហ្មងឡើយ បើទោះបីឈូកដុះក្នុងបឹង ត្រពាំង ឬក្នុងភក់ជ្រាំឯណាក៏ដោយ តែរាល់ទងនៃបុប្ផានេះតែងចេញមកជាប្រក្រតី ពោលគឺគ្មានប្រឡាក់ភក់ ឬធុំក្លិនជ្រាំឡើយ៕
អត្ថបទ៖ រតនៈ