អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

ថ្ងៃនេះមកដឹងពីដំណើរជីវិតរបស់អ្នកស្រី ឡៃ ស៊ីម ដែលជាអ្នកបញ្ចូលសម្លេងល្បីមួយរូបក្នុងប្រទេសកម្ពុជា។ ភាពប៉ិនប្រសព្វ និងទេពកោសល្យ ក្នុងការបញ្ចូលសម្លេង ទៅតាមតួរអង្គ ធ្វើឱ្យអ្នកទស្សនាបានសើច សប្បាយរីករាយ តើអ្នកស្រី ឡៃស៊ីម មានជីវប្រវត្ដិជូចត់បែបណា? តើដំណើរជីវិតរបស់អ្នកស្រីបែបណា ដែលធ្វើឱ្យអ្នកស្រីទទួលបានកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃនេះ?
អ្នកស្រី ឡៃ ស៊ីម មានស្រុកកំណើតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ស្ថិតក្នុងគ្រួសារមានជីវភាពខ្វះខាត ម្តាយជាស្ត្រីមេម៉ាយដែលមានកូន៩នាក់ អ្នកស្រីជាកូនទី៨ក្នុងគ្រួសារ។ អ្នកស្រីបានផ្ដល់បទសម្ភាសន៍ជាមួយ MJQTV ថា «ដោយសារតែជីវភាពក្រលំបាកមានម្ដាយជាស្រ្តីមេម៉ាយ អ្នកស្ត្រីមិនដែលស្គាល់ទេការហូបចុកគ្រប់គ្រាន់ ហើយអ្វីដែលធ្វើឱ្យអ្នកស្រីចងចាំមិនភ្លេចនោះ គឺពេលមួយអ្នកស្រីបានដេកឱបអ្នកម្តាយ ហើយបាននិយាយពាក្យក្នុងចិត្តប្រាប់អ្នកមានគុណថា ម៉ែពេលកូនធំឡើង កូននឹងទៅទីក្រុងភ្នំពេញ ពេលបានលុយកូននឹងទិញនំប៉័ងឱ្យម៉ែពិសាណា៎»។
អ្នកស្រីបន្ថែមថា «ដោយមិនអាចទ្រាំមើលម្តាយហត់នឿយក្នុងការផ្គត់ផ្គង់ជីភាពគ្រួសារតែម្នាក់ឯង ណាមួយខ្លួនជាស្រី ត្រូវដើរមករៀន កាត់ព្រៃ កាត់ដុប ដែលមានចំងាយ៧គីឡូពីផ្ទះ»។ អ្នកស្រី ឡៃ ស៊ីម បានសម្រេចចិត្តបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៧ និងបានមករស់នៅជាមួយបងនៅភ្នំពេញ។ ពេលនោះហើយកឺជាពេលវេលាដែលអ្នកស្រីបានរៀនសូត្រពីជំនាញជាអ្នកបញ្ចូលសម្លេងចាប់តាំងពីឆ្នាំ១៩៩៣មក។
ដោយការព្យាយាម យកចិត្តទុកដាក់ចំពោះការងារ ដែលបងៗបានបង្ហាត់បង្រៀន ហើយដោយខ្លួនរៀនបានតិចតួចផង អ្នកស្រីមិនដែលផ្តេកផ្តួលទៅតាមព្រហ្មលិខិតឡើយ ទាំងនេះហើយដែលធ្វើឱ្យម្ចាស់ផលិតកម្ម ពន្លឺពេជ្យវីដេអូ បានអាណិតអាសូរ នឹងបានផ្តល់ឱកាសឱ្យអ្នកស្រីបំពេញការងារ និងស្នាក់នៅក្នុងក្រុមហ៊ុនផងដែរ។ អ្នកស្រីបន្ថែមថា «ការផ្ដល់ឱកាសជាការស្នាក់នៅនេះហើយបានធ្វើឱ្យខ្ញុំសល់ប្រាក់ខ្លះពីការបញ្ជូលសម្លេងផ្ញើទៅឱ្យអ្នកម្ដាយ និងផ្គតផ្គង់ឱ្យប្អូនរៀនសូត្រ តស៊ូបាន៥ឆ្នាំអ្នកស្រីមានចំណេះជំនាញខ្លះៗ»។
ទម្រាំមានថ្ងៃនេះ អ្នកស្រី ឡៃស៊ីម បានហែលឆ្លងកាត់ជីវិត ប្រៃ ល្វីង ជូរចត់គ្រប់បែបយ៉ាង! រហូតធ្វើអ្នកស្រីក្លាយជាបុគ្គលមានគេឈ្មោះល្បីមួយរូបក្នុងវិស័យបញ្ចូលសម្លេងប្រចាំប្រទេសកម្ពុជា ជាពិសេសការបញ្ចូលសម្លេងតាមស្ពតពាណិជ្ជកម្មជាច្រើន ដែលលោកអ្នកបានទស្សនា ឬប្រើប្រាស់តាមប្រពន្ធ័ស្មាតហ្វូនជាដើម។ អ្នកស្រីរៀបរាប់បន្ថែមថា« ក្រោយពេលចេះជំនាញនេះបានល្អគួរសម ខ្ញុំក៏បានឱកាសទទួលបានការបញ្ចូលសម្លេងស្ពតពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលធ្វើអ្នកមានប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាព»។ អ្នកស្រីបន្តថា អ្វីដែលធ្វើឱ្យអ្នកស្រីមានថ្ងៃនេះ នោះគឺជាអ្នកម្តាយ ហើយក៏ជាមនុស្សម្នាក់ដែលអ្នកស្រីតែងតែដឹងគុណមិនអាចភ្លេច៕