មន្ត្រីជំនាញកសិកម្ម បន្តស្នើឱ្យកសិករអនុវត្តកសិកម្មល្អ GAP លើផ្នែកសុវត្ថិភាពចំណីអាហារ

ថ្លែងឡើងក្នុងសិក្ខាសាលាស្តីពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង ដល់អ្នកសារព័ត៌មានប្រមាណជាង៥០នាក់ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី១៥មិថុនា ឆ្នាំ២០២២ លោក ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការអនុវត្តកសិកម្មល្អ គឺជាស្តង់ដារស្ម័គ្រចិត្តមួយសម្រាប់អនុវត្តការងារកសិកម្មល្អ ក្នុងអំឡុងពេលផលិតកម្ម ពេលប្រមូល និងក្រោយពេលប្រមូលផលសម្រាប់បន្លែ និងផ្លែឈើស្រស់។
គួរបញ្ជាក់ថា សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីបង្កើនការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង ហើយជាពិសេសនោះ គឺជួយលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានស្តីពីសន្តិសុខ សុវត្ថិភាព និងប្រព័ន្ធរបស់ស្បៀង ក្នុងគោលបំណងបង្កើនចំណេះដឹងដល់អ្នកបរិភោគ អំពីអាហារសុវត្ថិភាព និងរបបអាហារប្រកបដោយចីរភាព។
សិក្ខាសាលានេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន រួមមានថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្រ្តី អធិបតីឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និង កញ្ញា រេបែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)ប្រចាំប្រទេសកម្ពុជា ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ម៉ាក់ សឿន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ការអនុវត្តកសិកម្មល្អ គឺដើម្បីការពារ ឬកាត់បន្ថយនូវគ្រោះថ្នាក់ដែលកើតឡើងឱ្យនូវទាបបំផុត ដែលមានឥទ្ធិពលលើផ្នែកសុវត្ថិភាពចំណីអាហារ គុណភាពផលិតផល ការគ្រប់គ្រងបរិស្ថាន និងសុខភាព សុវត្ថិភាព សុខុមាលភាពអ្នកធ្វើការឬកម្មករ។»
លោក សង្កត់ធ្ងន់ថា ស្ដង់ដារការអនុវត្តកសិកម្មល្អរបស់អាស៊ាន (SEAN GAP) គឺសំដៅជាចម្បងលើផលិតផលបន្លែនិងផ្លែឈើស្រស់ ខណៈបច្ចុប្បន្នបន្លែ និងផ្លែឈើ ភាគច្រើនត្រូវបានប្រើប្រាស់សារធាតុគីមីពុលដ៏ច្រើនលើសលប់ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខុមាលភាពអ្នកទទួលទាន រួមទាំងអ្នកដាំដុះផងដែរ៕