អ្នកជំនាញផ្ដល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ឱ្យត្រួតពិនិត្យការនាំចូលចំណីអាហារឱ្យបានហ្មត់ចត់ ដើម្បីសុវតិ្ថភាពចំណីអាហារនៅកម្ពុជាកាន់តែប្រសើរឡើង

ប្រភពរូប៖ សហការី
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ The Intercon Rooster ថា ចំណីអាហារនៅម្ពុជា គឺមិនខ្វះខាតនោះទេ ប៉ុន្តែអ្វីដែលខ្វះខាត គឺការត្រួតពិនិត្យការដាំដុះ គឺមិនមានបច្ចេកទេសត្រួតពិនិត្យត្រឹមត្រូវ ដូចជាការប្រើប្រាស់់ជីគីមី ការដឹកញ្ជូនជាដើម។ លោកបន្តថា បញ្ហាមួយទៀតគឺប្រជាពលរដ្ឋខ្មែរ ហូបអាហារដោយមិនសូវចេះត្រួតពិនិត្យគុណភាពអាហារ ហើយប្រជាពលរដ្ឋខ្មែរមិនយល់ពីប្រព័ន្ធហូបចុកដោយមិនបានបែងចែកឱ្យបានគ្រប់មុខម្ហូប ដោយមិនសូវចូលចិត្តហូប បន្លែ ផ្លែឈើនោះទេ ហើយរបស់ដែលត្រូវហូបច្រើន បែរជាហូបតិច ដល់ពេលដែលទៅពិនិត្យសុខភាព គឺពលរដ្ឋខ្មែរមានសុខភាពមិនប្រក្រតី។
លោកវេជ្ជបណ្ឌិតបន្តថា ប្រជាពលរដ្ឋខ្មែរចូលចិត្តប្រភេទអាហារ អាំង លីង ចៀន ឆា ដែលភាគច្រើនអាចខ្លោច ធ្វើឱ្យកូនខ្មែរកើតជំងឺគាំងបេះដូង ទឹកនោមផ្អែម ឡើងឈាម។ល។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិតលើកឡើងថា ដើម្បីឱ្យចំណីអាហារដែលប្រជាពលរដ្ឋខ្មែរហូបមានសុវត្ថិភាព និងត្រឹមត្រូវ ស្ថាប័នពាក់ព័ន្ធដែលនាំចំណីអាហារហូបចុក ចេញចូលក្នុងនិងក្រៅប្រទេសគួរតែត្រួតពិនិត្យទំនិញខុសច្បាប់ ទំនិញក្លែងក្លាយ និងចំណីអាហារដែលមានជាតិគីមី ឱ្យបានហ្មត់ចត់ ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា ក្រសួងកសិកម្មក៏គួរតែពិនិត្យផងដែរចំពោះការដាំដុះ និងចិញ្ចឹមសត្វ ដោយត្រូវចុះទៅណែនាំ បង្រៀនឱ្យដាំដុះតាមវិជ្ជាជីវៈ ។ អ្វីដែលសំខាន់មួយទៀតលោកវេជ្ជបណ្ឌិតបានផ្តោតទៅលើវិស័យអប់រំនិងវិស័យសុខាភិបាល គឺធ្វើយ៉ាងណាអប់រំឱ្យប្រជាពលរដ្ឋ យល់ពីសុខភាពរាងកាយ ពីការហូបចុក និងជីវជាតិដែលមានក្នុងមុខម្ហូបជាដើម៕