អ្នកឧកញ៉ា គួច ម៉េងលី សរសើរប្រជាជនកម្ពុជានិយាយអង់គ្លេសបានល្អ លើកលែងតែពីរប្រទេស

រូប៖ @សហការី
បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសដល់អ្នកសារព័ត៌មានកាលពីកន្លងទៅថា ចំពោះភាសាអង់គ្លេស លើកលែងតែប្រទេសសង្ហបុរី និងម៉ាឡេស៊ី គឺលោកឱ្យចំណាត់ថ្នាក់កម្ពុជាជាប់លេខ១ ដែលមានប្រជាជនប្រើប្រាស់ភាសាអង់គ្លេសបានល្អច្រើនជាងគេ ជាពិសេស នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប ជាដើម។
វាគ្មិនខាងលើបានបន្ថែមថា យុវជន ក៏ដូចប្រជាជនខ្មែរទាំងមូលមិនខ្សោយឡើយ ឱ្យតែមានឱកាសរៀនសូត្រ គឺរៀនឆាប់ចេះ និងពូកែ សូម្បីតែអ្នករត់តុកៗ និងរត់ម៉ូតូឌុប គឺចេះនិយាយ និងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។
អ្នកជំនាញអប់រំ និងជាម្ចាស់គ្រឹះស្ថានសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដដែលបានសង្កេតឃើញថា ក្នុងរយៈពេលជាង១០ឆ្នាំមុន ហើយនិងបច្ចុប្បន្ននេះ គឺខុសគ្នាឆ្ងាយណាស់ ព្រោះ១០មុន ប្រជាជនខ្មែរយើងមិនសូវចេះភាសាអង់គ្លេសប៉ុន្មានទេ តែ១០ឆ្នាំចុងក្រោយនេះ ប្រជាជនខ្មែរយើងមានអ្នកប្រើប្រាស់ភាសាអង់គ្លេសបានច្រើនគួរឱ្យកត់សម្គាល់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបន្តថា សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ភាសាអង់គ្លេស ត្រូវបានចាត់ទុកជាភាសាទី២ ដោយស្វ័យប្រវត្តិបន្ទាប់ពីភាសាខ្មែរ។ ប៉ុន្តែលោកបានអះអាងថា ចន្លោះពី២០ ទៅ៣០ឆ្នាំមុន ភាសាបារាំង គឺជាភាសាទី២ បន្ទាប់ពីភាសាខ្មែរ ប៉ុន្តែសព្វថ្ងៃនេះ គឺភាសាអង់គ្លេស។
ត្រង់ចំណុចនេះផងដែរ អ្នកវិនិយោគដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំខាងលើនេះបានព្យាករណ៍ថា ភាសាអង់គ្លេស ជាភាសាទី២ ប៉ុន្តែចន្លោះពី១០ ទៅ២០ឆ្នាំខាងមុខទៀត ភាសាចិន អាចនឹងក្លាយជាភាសាទី២ ជំនួសភាសាអង់គ្លេសវិញ ព្រោះប្រជាជនចិនមានចំនួនច្រើនជាងគេនៅលើពិភពលោក ជាពិសេស សេដ្ឋកិច្ច បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ខាងលើដដែលរូបនេះ បានបង្ហាញពីអារម្មណ៍មោទកភាពយ៉ាងក្រៃលែង ដែលមានប្រជាជនខ្មែរចេះភាសាអង់គ្លេស ចិន និងភាសាដទៃបានល្អ ប៉ុន្តែ លោកក៏មានការសោកស្ដាយផងដែរ ដែលកូនខ្មែរភាគច្រើនបែរជាចេះភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ មិនច្បាស់ដូចភាសាបរទេសទៅវិញ។
ទោះជាចេះភាសាបរទេសពូកែយ៉ាងណា តែអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកទឹកចិត្តដល់កូនខ្មែរទាំងឡាយមិនត្រូវភ្លេចនូវភាសា និងអក្សរសាស្ត្រខ្មែរចោលឡើយ ជាពិសេស ត្រូវចេះលើកតម្កើងភាសាជាតិ ផ្ដល់តម្លៃអក្សរសាស្ត្រខ្មែរ និងចេះភាសាជាតិខ្លួនឱ្យបានច្បាស់លាស់ បើពុំនោះទេ បរទេសនឹងមើលងាយ ហើយអក្សរ និងភាសា នឹងបាត់អត្តសញ្ញាណនាថ្ងៃអនាគតជាមិនខាន៕