អ្នកឧកញ៉ា គួច ម៉េងលី៖ កុំមានចិត្តចង្អៀតចង្អល់ទទួលយកចំណេះដឹង និងមេរៀនថ្មីៗ

បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញថា «ប្អូនៗ ក្មួយៗនៅក្មេងនៅឡើយទេ មានរឿងរ៉ាវជាច្រើនទៀតដែលប្អូនៗ ក្មួយៗត្រូវរៀន ដឹង និងយកបទពិសោធបន្តទៀត»។
«សូមប្អូនៗ ក្មួយៗកុំមានចិត្តចង្អៀតចង្អល់ក្នុងការទទួលចំណេះដឹង និងទទួលបានមេរៀនថ្មីៗ។ ពេលប្អូនៗ ក្មួយៗ ឬឪពុកម្តាយប្អូនៗ ក្មួយៗឈឺ ទើបប្អូនៗ ក្មួយៗយល់ដឹង។ ការរិះគន់ដើម្បីអភិវឌ្ឍន៍ និងស្ថាបនាវាជារឿងល្អទៅវិញទេ»។ នេះបើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់បន្ថែម។
អ្នកជំនាញអប់រំខាងលើនេះបានអះអាងបន្តថា «ថ្ងៃណាមួយដែលប្អូនៗ ក្មួយៗ ឪពុកម្តាយ និង/ឬសាច់ញាតិរបស់ប្អូនៗ ក្មួយៗឈឺ នោះប្អូនៗ ក្មួយៗនឹងយល់ថា តើការរៀនសូត្រ និងចំណេះដឹងថ្មីនោះសំខាន់ នឹងជួយដល់ប្អូនៗ ក្មួយៗយ៉ាងដូចម្ដេច»។
លោកបានសង្កត់ធ្ងន់ថា «ប្រទេសយើងត្រូវការការសិក្សា ឈ្វេងយល់ និងអភិវឌ្ឍន៍ច្រើនបន្ថែមទៀត។ ជួនកាល សូម្បីតែគ្រូពេទ្យខ្លួនឯងដែលប្អូនៗ ក្មួយៗកំពុងគាំទ្រនោះ ក៏មិនអាចជួយប្អូនៗ ក្មួយៗបានដែរ»។
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកទឹកចិត្តដល់កូនខ្មែរថា «ត្រូវចេះស្រឡាញ់ខ្លួនឯង គ្រួសារ និងប្រជាជនរបស់អ្នក។ បើកចិត្តឱ្យទូលាយ ឱបក្រសោប យល់ ចិត្តល្អ យកចិត្តទុកដាក់ និងមានការយល់ចិត្ត ពិភពលោកយើងនឹងមានភាពសុខដុមរមនា និងសន្តិភាព។
គួររម្លឹកថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានគេស្គាល់ថា ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយផ្ដោតសំខាន់ទៅលើការវិនិយោគវិស័យអប់រំជាចម្បង ដែលទទួលបានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ៕