គ.ជ.ប នឹងផ្សាយលទ្ធផលបោះឆ្នោតឃុំ សង្កាត់ផ្លូវការ នៅចុងសប្តាហ៍នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមិថុនា នេះថា គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ១ និង០០នាទីរសៀល។
ប្រភពដដែល បញ្ជាក់ថា លទ្ធផលផ្លូវការនឹងផ្សព្វផ្សាយតាម ទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជា–AKP, គេហទំព័រ គ.ជ.ប៖ www.nec.gov.kh និង electresult.nec.gov.kh, កម្មវិធីទូរស័ព្ទដៃ NEC KH និង CamNEC News, Facebook គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និង YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។
គួររម្លឹកជូនថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕