លោក គីម ជុងអ៊ុន កោះប្រជុំយោធា ចំពេលមានការបារម្ភពីការសាកល្បងនុយក្លេអ៊ែរ

ប្រភពរូបភាព៖ The Star
នៅក្នុងកិច្ចប្រជុំនេះ ភាគីបានពិភាក្សាអំពីការបន្ថែមភារកិច្ចប្រតិបត្តិការរបស់អង្គភាពជួរមុខ ការកែប្រែផែនការប្រតិបត្តិការ និងការរៀបចំរចនាសម្ព័ន្ធអង្គភាពយោធាសំខាន់ៗឡើងវិញ ខណៈលោក គីម សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរបស់អង្គភាពជួរមុខ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កិច្ចប្រជុំនេះផងដែរ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ព្រោះវាអាចផ្តល់តម្រុយអំពីពេលវេលានៃការសាកល្បងនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងបានរៀបចំជាច្រើនសប្តាហ៍មកហើយ។ ជុំវិញបញ្ហាខាងលើ មន្ត្រីកូរ៉េខាងត្បូង បានព្រមានថា ការធ្វើតេស្តអាចកើតឡើងនៅពេលណាក៏បាន ហើយពេលវេលានឹងត្រូវបានសម្រេចដោយលោក គីម ជុងអ៊ុន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីម្នាក់នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងគិតថា ប្រទេសកូរ៉េខាងជើងអាចនឹងពន្យារពេលការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។
គួររម្លឹកថា លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំយោធា ដែលពិភាក្សាអំពីការងារសំខាន់ៗ ដើម្បីបង្កើនមុខងារ និងតួនាទីរបស់គណៈកម្មាការយោធាគ្រប់កម្រិត ព្រមទាំងខ្សែគោលនយោបាយយោធា និងគោលនយោបាយការពារជាតិសំខាន់ៗរបស់បក្ស។
កាលពីឆ្នាំមុន លោក គីម បានដាក់ចេញនូវផែនការអភិវឌ្ឍយោធា ដែលរួមមានគ្រាប់បែកនុយក្លេអ៊ែរតូចៗ មីស៊ីលលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងយន្តហោះគ្មានមនុស្សបើក។ ដោយឡែក កាលពីខែមេសា លោកបានអំពាវនាវឱ្យយោធារបស់ប្រទេសនេះ «ពង្រឹងកម្លាំងរបស់ពួកគេក្នុងគ្រប់មធ្យោបាយដើម្បីកម្ទេចសត្រូវ» ហើយក៏បានសាកល្បងមីស៊ីលផ្លោងជាច្រើនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះផងដែរ៕