ករណីស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន កើនដល់ជាង១ពាន់នាក់

ប្រភពរូបភាព៖ CNN
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ១:២៣នាទីរំលងអាធ្រាត ម៉ោងក្នុងស្រុក ដោយបានវាយប្រហារប្រហែល ៤៦គីឡូម៉ែត្រ ភាគនិរតីនៃក្រុង Khost ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ខណៈករណីស្លាប់ភាគច្រើនគឺស្ថិតក្នុងខេត្ត Paktika ក្នុងស្រុក Giyan, Nika, Barmal និង Zirok។
តាមរយៈការហៅទូរសព្ទមួយ លោក Mohammad Amin Hozaifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌នៃខេត្ត Paktika បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើង ហើយបេសកកម្មស្វែងរក និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។
ជាមួយគ្នាដែរ លោក Najibullah Sadid អ្នកជំនាញគ្រប់គ្រងធនធានទឹកអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ការរញ្ជួយដីបានកើតឡើងស្របពេលជាមួយនឹងភ្លៀងមូសុងដ៏ខ្លាំងនៅក្នុងតំបន់ ដែលបណ្តាលឱ្យផ្ទះបុរាណជាច្រើនដែលធ្វើពីភក់ និងវត្ថុធាតុដើមពីធម្មជាតិផ្សេងទៀត ងាយរងការខូចខាត។
ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងមហន្តរាយ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mujahid បានលើកឡើងថា ក្រុមរបស់ខ្លួនបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំការដឹកជញ្ជូនអ្នករបួស និងជំនួយសម្ភារៈដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេហើយ ដោយខ្លួនថែមទាំងណែនាំភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឱ្យបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅកាន់តំបន់កើតហេតុទៀតផង។
ទន្ទឹមនឹងនោះ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានក៏បានរាយការណ៍ដែរថា ក្រុមគ្រូពេទ្យមួយក្រុម និងឧទ្ធម្ភាគចក្រចំនួន៧ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។
ស្របជាមួយគ្នា អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក Mawlawi Sharafuddin Muslim បានបញ្ជាក់ថា ប្រាក់ ១ ១១៦ដុល្លារនឹងត្រូវបានផ្តល់សម្រាប់គ្រួសារដែលមានអ្នកបាត់បង់ជីវិត និងជាង ៥០០ដុល្លារ គឺសម្រាប់គ្រួសាររងរបួស។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលក៏បានគូសបញ្ជាក់ពីតម្រូវការជំនួយបរទេសដែរ ដោយសាធារណរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន អំពាវនាវឱ្យមានការគាំទ្រដ៏សប្បុរសពីគ្រប់ប្រទេសទាំងអស់ ទាំងអង្គការអន្តរជាតិ និងមូលនិធិនានា ដើម្បីផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់។
ជុំវិញករណីដដែល អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមរបស់ខ្លួនកំពុងស្ថិតនៅលើមូលដ្ឋានសម្រាប់ការឆ្លើយតបបន្ទាន់ហើយ ដោយក្នុងនោះ រួមទាំងការផ្តល់ថ្នាំ សេវាព្យាបាលរបួស និងធ្វើការវាយតម្លៃតម្រូវការផ្សេងទៀត។
គ្រោះមហន្តរាយបានកើតឡើង នៅពេលដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជន ២០លាននាក់របស់ប្រទេស កំពុងជួបប្រទះនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ក្រោយការកាន់កាប់របស់ក្រុមតាលីបង់ ហើយស្ថានភាពនេះ បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ដែលកំពុងពឹងផ្អែកលើជំនួយរួចទៅហើយ។ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន សេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល ជាមួយនឹងការព្យាកររបស់ធនាគារពិភពលោកថា ការរួមបញ្ចូលគ្នានៃការធ្លាក់ចុះប្រាក់ចំណូល និងការកើនឡើងនៃតម្លៃ កំពុងជំរុញឱ្យកម្រិតជីវភាពគ្រួសារដុនដាបយ៉ាងខ្លាំង។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៥ គ្រោះរញ្ជួយដីដែលបានអង្រួនផ្នែកមួយចំនួននៃអាស៊ីខាងត្បូង បានសម្លាប់មនុស្សជាង ៣០០នាក់រួចទៅហើយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងឥណ្ឌា។ ចំណែកមនុស្សជាង ១ ០០០នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ កាលពីឆ្នាំ២០០២ បន្ទាប់ពីការរញ្ជួយដីចំនួនពីរនៅភាគពាយព្យនៃប្រទេសអាហ្វហ្គានីស្ថាន ហើយការរញ្ជួយដីដ៏ខ្លាំងដូចគ្នាកាលពីឆ្នាំ១៩៩៨ បានសម្លាប់មនុស្សប្រហែល ៤ ៧០០នាក់។ នេះបើយោងតាមកំណត់ត្រាពីមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានបរិស្ថាន៕
ប្រភពរូបភាព៖ CNN