ភ្លៀងលាយខ្យល់កន្រ្តាក់ ធ្វើឱ្យរលំដួល និងប៉ើងដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

រូបភាព ៖ ផ្ទះពលរដ្ឋរលំ និងប៉ើងដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ហេតុការណ៍ភ្លៀងលាយខ្យល់កន្រ្តាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីនគរបាលនៃអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា៖ ផ្ទះប្រជាពលរដ្ឋ ដែលទទួលរងខូចខាតមានចំនួន២ភូមិគឺ ទី១. ភូមិបាយសីរងផលប៉ះពាល់ចំនួន២១ខ្នង និងភូមិភ្នំព្រាលចំនួន០៤ខ្នង ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពបន្តទៀតថា ផ្ទះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់រួមមាន រលំដួលផ្ទះទាំងស្រុងចំនួន០៥ខ្នង បណ្តាលឱ្យខូចខាតសម្ភារ:បែកពាង បែកចានឆ្នាំង និងរបស់របរប្រើប្រាស់មួយចំនួន។ ហើយផ្ទះប្រជាពលរដ្ឋទទួលរងប៉ើងស័ង្កសីចំនួន១៨ខ្នង ដោយខ្យល់បក់ទាញនាំទៅធ្លាក់នៅវាលស្រែ ធ្វើឱ្យម្នាក់ៗព្រលឹងចុងសក់។ ចំណែកឯផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងទៀត ទទួលរងការទ្រេត តែមិនដួលរលំឡើយ ខណ:ម្ចាស់នាំគ្នារត់ចេញពីផ្ទះរកកន្លែងក្បែរៗនោះ ដោយខ្លាចក្រែងផ្ទះរលំសង្កត់។