ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្ដល់ឱកាសការងារជាង៣ពាន់កន្លែង

រូបភាព៖ ក្រសួងការងារ
យោងតាមក្រសួងការងាររឱ្យដឹងថា ពិព័រណ៍ការងារនេះប្រារព្វឡើងក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង ចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO) រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ ដល់ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចាប់ផ្តើមហើយក្នុងទីតាំងមជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច។
រូបភាព៖ ក្រសួងការងារ
លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បីកាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស។ លោកបន្តថា ព្រឹត្តិការណ៍នេះបានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ របស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។
បើតាមក្រសួងការងារ ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួន២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣០០០កន្លែង និងរំពឹងថានឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យស្វែងរកការងារធ្វើ។ ហើយនៅសម្រាប់ចុងឆ្នាំ២០២២ នៅថ្ងៃទី ២៨-២៩ ខែតុលា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិថ្នាក់ជាតិ តាមរយៈការជួបគ្នាផ្ទាល់ឡើងវិញនៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឲ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕