វៀតណាមត្រៀមខ្លួនចែករំលែក និងជួយថែរក្សាសន្តិសុខពេលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គាមឆ្នាំ២០២៣

រូបភាព ៖ សម្តេច ស ខេង និងអនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានលើកឡើងថា៖ «ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២នេះ ហើយវៀតណាមត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធក្នុងកិច្ចការពារថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះជាមួយកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៣ខាងមុខ»។
លោកឧត្តមសេនីយ៍ឯកក៏បានលើកឡើងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់វិញ លោកក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់ និងការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនជាដើម។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង។ សម្តេចក្រឡាហោមក៏បានយកឱកាសនេះថ្លែងអបអរសាទរចំពោះការ ប្រារពព្រឹត្តិការណ៍កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ នៅទីតាំងកោះថ្ម X16 ដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ជាទីតាំងប្រវត្តិសាស្ត្រនៃការចាប់ផ្តើមដំណើរការឆ្ពោះទៅរកការតស៊ូក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជន។ ជាងនេះសម្ដេចបានសម្ដែងក្ដីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងបានស្ដាបខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕