ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប

រូបភាព ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប
ក្នុងការទប់ស្កាត់ និងមានវិធានការមួយចំនួនក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប គឺឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងប្រចាំការនៅនឹងកន្លែង ដោយយាមល្បាតកន្លែងអភិរក្សទាំង២ជាមួយសហគមន៍នេសាទផាត់សណ្តាយ។
ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសនៅចំណុចព្រែកបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងនោះផងដែរក្រុមជំនាញក៏បានបង្ក្រាបនៅឧបករណ៍នេសាទមួយចំនួនមានការរុះរើកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទនៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនចំនួន០៦របាំងប្រវែង៣៨០ម៉ែត្រ លបលូចំនួន០៨ មាត់ឡុកចំនួន០៦គ្រឿង បង្គោលឈើចំនួន៣០០ដើម ត្រីបានចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។
លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកឡើងពីបញ្ហាការនេសាទហួសកំណត់របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះសូមចូលរួមទប់ស្កាត់ មានវិធានការរាល់បទល្មើសផ្សេងៗដែលមានទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើងជារដូវត្រីពង ដើម្បីឱ្យបន្តពូជបានច្រើន ដើម្បីងាយស្រួលដល់បងប្អូននេសាទនៅរដូវទឹកស្រក៕