អ្នកតាមដានសង្គម បង្ហាញទស្សនៈចំពោះទំនាក់ទំនងរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រធានាធិបតីអ៊ុយក្រែន
ដូចការគ្រោងទុក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤ ម៉ោងនៅកម្ពុជា បានជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីប្រទេសអ៊ុយក្រែន គឺលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky)។ ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្រ្គាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬការប្រើប្រាស់កម្លាំងទៅលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីរបស់ប្រទេសដទៃឡើយ។