បទយកការណ៍៖ កីឡាអុកចត្រង្គរបស់ខ្មែរ ត្រៀមចូលជាកីឡាស៊ីហ្គេមឆ្នាំ២០២៣
.jpg)
ប្រភពរូប៖ សហការី
កីឡាអុកចត្រង្គរបស់ខ្មែរនេះ មិនមែនមានតែនៅលើជញ្ជាំងប្រាសាទរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែកីឡាដែលមានប្រវត្តិយូរលង់មួយនេះក៏នៅតែជាកីឡាពេញនិយមមួយរបស់ពលរដ្ឋខ្មែររហូតមកដល់ពេលនេះ។
នៅទូទាំងប្រទេសសកម្ពុជា ជាពិសេសនៅតាមតៀមកាហ្វេ គឺតែងតែមានក្ដារអុកសម្រាប់ឲ្យអ្នកដែលមកពិសារកាហ្វេអាចលេងកម្សាន្ត។
ម៉េង សេរីសម្បត្តិ គឺជាអ្នកចូលចិត្តលេងកីឡាអុកចត្រង្គមួយរូប។ លោកបានលេងកីឡាមួយនេះជាង២០ឆ្នាំមកហើយ។ លោកបានប្រាប់សារព័ត៌មាន The Intercon Rooster ថា « ដំបូងឡើយខ្ញុំក៏មិនទាន់បានដឹងពីក្បួនការអីដែរ គ្រាន់តែលេងតាមតំណរចាស់ៗដែលគាត់លេងតាមពីមុនមក ចេះតែលេងតាមគាត់អីចឹងទៅណាស់ ហើយក៏ចេះតែមើលឃើញគាត់ ចេះតែចង់ចេះ ដោយសារតែការស្រលាញ់ ការពេញចិត្តលើវិស័យអុកចត្រង្គហ្នឹង»។
លោក ម៉េង សេរីសម្បត្តិ ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ កីឡាអុកចត្រង្គ
កីឡាករអុកចត្រង្គរូបនេះបន្ថែមថា «ខ្ញុំមកចូលរួមថ្នាក់ជាតិលើកដំបូងនាឆ្នាំ២០១០ នៅពហុកីឡដ្ឋានជាតិយើងហ្នឹង។ ដោយសារពេលហ្នឹងកម្រិតនៃការលេងអុកខ្ញុំក៏មិនទាន់ទទួលបានការហ្វឹកហាត់ពីលោកគ្រូ អ្នកគ្រូ អីច្បាស់លាស់ពីរៀមច្បងយើង»។ បើទោះជាការប្រកួតនៅក្នុងឆ្នាំ២០១០នោះ លោកមិនទទួលបានជោគជ័យមែន ប៉ុន្តែលោកមិនបោះបង់ចោលការព្យាយាមឡើយ លោកនៅតែបន្តហ្វឹកហាត់មិនថាជាមួយគ្រូដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអ៊ិនធើណេតក្តី។ ដោយការតស៊ូព្យាយាមនៅមុខក្ការអុកផង នៅមុខកុំព្យូទ័រផង ទីបំផុតលោកបានក្លាយជាជើងឯកថ្នាក់ជាតិឆ្នាំ២០២១។
កីឡាករជើងឯងរូបនេះ បានពិពណ៌នាអំពីអត្ថប្រយោជន៍នៃការលេងកីឡាអុកចត្រង្គយ៉ាងដូច្នេះថា «នៅក្នុងកីឡាអុកចត្រង្គនេះ ខ្ញុំគិតថាវាមានផលប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សនៅពេលដែលម្នាក់ៗគាត់ចាប់ផ្ដើមលេងទៅ គាត់កាន់តែចេះ គាត់កាន់តែរៀបចំការគិតរបស់គាត់កាន់តែល្អ »។
ប្រភេទកូនអុក និងរបៀបលេង
ល្បែងអុក ឬ ចត្រង្គ ជាល្បែងប្រជាប្រិយខ្មែរមួយដែលមានប្រវត្តិយូរលង់ណាស់មកហើយប៉ុន្តែហាក់មិនមានប្រភបឯកសារច្បាស់លាស់នោះទេ ។ ជាមួយគ្នានេះនៅតាមប្រទេសមួយចំនួនក៏មានល្បែងនេះផងដែរ គ្រាន់តែខុសប្លែកគ្នាពីរបៀបលេងខ្លះៗប៉ុណ្ណោះ។ សម្រាប់កូនអុកចត្រង្គខ្មែរទាំងអស់មានចំនួន៣២កូន ចែកជា២ស្មើគ្នា ពោលគឺម្ខាងមាន១៦កូន។ ១៦កូននោះរួមមាន កូន១ហៅថា “ខុន” ជាស្តេច តំណាងការស្លាប់ រស់ និងឈ្នះ ចាញ់ នៃល្បែងអុកទាំងមូល។ ខុននេះ អាចដើរបានគ្រប់ទិស។ ប្រសិនបើភាគីប្រកួតណាមួយធ្វើឲ្យកូនខុន ឬស្ដេចនេះត្រូវគេស៊ីបាន គឺមានន័យចាញ់ក្នុងការប្រកួត។ កូន១ហៅថា “នាង” ជាអគ្គមហេសីស្តេច ឬ មេរងអាចដើរបាន៤ទិស។ កូន២មានរូបរាងដូចគ្នាហៅថា “គោល” ជាមេទ័ពដើរបាន៥ទិស។ កូន២ទៀតមានរូបដូចគ្នាហៅថា “សេះ” ជាទ័ពជើងគោកអាចដើរ បានគ្រប់ទិសដូចខុនដែរ តែត្រូវលោតលើស១ក្រឡា។ កូន២ទៀតមានរហៅថា “ទូក”ជាទ័ពជើងទឹក អាចដើរបាន៤ទិស ហើយដើរបានប៉ុន្មានក្រឡាក៏បាន ប៉ុន្តែមិនអាចដើររំលងកូនដទៃបាននោះទេ ។និងកូន៨ផ្សេងទៀតហៅថា “ត្រី” ទុកជាសេនាទាហានអាចដើរទៅមុខបាន១ក្រឡា ប៉ុន្តែនៅពេលដែលទៅដល់ក្រឡាទី៣នៃគូប្រកួត ត្រីនោះក្លាយជាត្រីបក គឺអាចដើរដូចជានាង ពោលគឺអាចដើរបាន៤ទិសដែរ។ ដោយឡែកក្រឡាអុក គឺគេធ្វើនៅលើក្តារបួនជ្រុងស្មើ ដែលមាន៦៤ក្រឡា ចែកជា៨ក្រឡាបួនជ្រុង ។
កូនចត្រង្គទាំង៣២ និងក្ដារអុកខ្មែរច្រើនធ្វើដោយភ្លុក ស្នែងឬឈើផ្សេងៗដូចជា ឈើនាងនួន ក្រញូង និងដើមដៃខ្លាជាដើម តាមធនធានដែលអាចធ្វើបាន។
សម្រាប់អ្នកនិយមកីឡាអុក ដែលមិនមានវត្ថុធាតុដើម និងពេលវេលាគ្រប់គ្រាន់សម្រាប់ផលិតកូនអុក និងក្ដារអុកនោះ គឺអាចទិញនៅផ្សាតាមតម្លៃ និងគុណភាពផ្សេងៗគ្នា។
អ្នកស្រី ហ៊ុន សុផាត ម្ចាស់លក់វត្ថុអនុស្សាវរីយ៍មួយកន្លែងនៅផ្សាទួលទំពូង បានប្រាប់គេហទំព័រ The Intercon Rooster ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកឲ្យប្រជាពលរដ្ឋបានជួបជុំគ្នាតាមធម្មតាឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល ហាងកាហ្វេ និងតាមទីប្រជុំជននានា ហាក់ដំណើរការឡើងវិញច្រើន ដូចនេះការជួបជុំលេងកីឡាអុកនេះក៏មានច្រើនឡើងវិញធ្វើឱ្យអ្នកស្រី លក់កូនអុក និងក្ដារអុកដាច់ច្រើន ជាពិសេសប្រភេទក្ដារអុក និងកូនអុកសម្រាប់ដាក់ក្នុងហាងកាហ្វេ ដែលមានតម្លៃប្រមាណជាង១០ដុល្លាសហរដ្ឋអាមេរិក។ អ្នកស្រី ហ៊ុន សុផាត «ជាទូទៅអារយហ្នឹង(ក្ដារអុករយ)ខ្ញុំកុម្ម៉ង់គេម្ដង ២០០ឈុត ១៥០ឈុត យើងកុម៉្មង់យកមកទុកក្នុងផ្ទះយើងតែម្ដង។ ដល់ពេលយើងលក់មួយថ្ងៃតាមធម្មតា ៤ទៅ៥ ឈុតតាមភ្ញៀវគាត់មកអ៊ីចឹងទៅណាស់។
អ្នកស្រី ហ៊ុន សុផាត ម្ចាស់លក់វត្ថុអនុស្សាវរីយ៍មួយកន្លែងនៅផ្សាទួលទំពូង
បើតាមអ្នកស្រី ហ៊ុន សុផាត ក្ដារអុកប្រភេទឈើល្អៗ ក៏មានភ្ញៀវមករកទិញផងដែរ ដែលក្ដារ និងកូនអុកខ្លះមានតម្លៃរហូតដល់ទៅ២០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆុតក៏មាន។ អ្នកស្រី ហ៊ុន សុផាត «អាហ្នឹងគេហៅថាអុកកុម្ម៉ង់ ឈើដែលល្អបំផុតគេហៅឈើក្រញូងហើយ និងក្រញ៉ាំដៃខ្លាដែរ ប៉ុន្តែវាមានចម្លាក់ក្បាច់សេះស្អាត វាមានដាក់ត្បូង ក្បូក្បាច់អីចឹងទៅណាស់។»
បច្ចុប្បន្នភាពកីឡាអុកចត្រង្គ
ពីដើមឡើយ កីឡាអុកចត្រង្គ មាននៅគ្រប់ទីសទីក្នុងព្រះរាណាចក្រកម្ពុជា ប៉ុន្តែការលេងកីឡានេះហាក់មិនមានជាទ្រង់ទ្រាយធំ ដោយអ្នកចូលចិត្ត និងកីឡាករទាំងអស់បានត្រឹមលេងជាល្បែងកម្សាន្តប៉ុណ្ណោះ ។
អគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា គឺលោក ហូយ សូណាបានប្រាប់ The Intercon Rooster ថា កីឡាអុកចត្រង្គ គឺជាកីឡាបែបប្រពៃណីមួយ ប៉ុន្តែ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ កីឡាដែលភាគច្រើនឧបករណ៍ធ្វើពីឈើមួយនេះ បានក្លាយជាចំណាប់អារម្មណ៍មួយរបស់រាជរដ្ឋាភិបាល ហើយក្រសួងអប់រំយុវជន និងកីឡាក៏បានសម្រេចឲ្យបង្កើតជាសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានេះឡើងនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ ដែលមកដល់ពេលនេះដំណើរការបាន២អាណត្តិហើយ គឺពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១ គឺអាណត្តិទី១ និងចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ដោយក្នុងអំឡុង២អាណត្តិនេះ សហព័ន្ធបានរៀបចំព្រឹតិ្តការណ៍ប្រកួតជាច្រើនផងដែរ។ លោក ហូយ សូណា «ព្រឹត្តិការណ៍ធំៗ ដែលសហព័ន្ធបានរៀបចំឡើងកន្លងមកមានច្រើន ដូចជា ក្នុងនោះអង្គរសង្ក្រាន្តឆ្នាំ ២០១៧-២០១៨ រួមទាំងជើងឯក៤ដងទៀតគឺឆ្នាំ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយរួមទាំងព្រឹត្តិការណ៍ប្រកួតបុណ្យសមុទ្រ បុណ្យទន្លេជាច្រើន។»
អគ្គលេខាធិការរងរូបនេះបន្តថា រហូតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានក្លិបកីឡាអុកចត្រង្គចំនួន ១៧ក្លិបហើយ។ នៅរៀងរាល់ចុងឆ្នាំ សហព័ន្ធកីឡាអុកចត្រង្គ កំពុងរៀបចំការប្រកួតដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ ដើម្បីជ្រើសកីឡាករជម្រើសជាតិត្រៀមប្រកួតថ្នាក់អន្តរជាតិនាពេលខាងមុខ ដែលរហូតមកដល់ពេលនេះមានកីឡាករជម្រើសជាតិ៦រូបហើយកំពុងហ្វឹកហាត់នៅក្នុងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។
គោលដៅឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ របស់កីឡាអុកចត្រង្គ
នៅក្នុងបន្ទប់ការិយាល័យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា មានទំហំប្រមាណ៥ម៉ែត្រគុណនឹង៤ម៉ែត្រ មានតុចំនួន៧តុ។ នៅលើតុនិមួយៗ គឺមានកុំព្យូទ័រមួយគ្រឿង និងក្ដារអុកមួយសម្រាប់ឱ្យកីឡារហ្វឹកហាត់ ព្រោះបច្ចុប្បន្នការលេងអុក និងកាហ្វឹកហាត់ក៏មានតាមប្រព័ន្ធកុំព្យូទ័រផងដែរ។ ការហ្វឹកហាត់របស់កីឡាករជម្រើសជាតិកីឡាអុកចត្រង្គនេះ គឺធ្វើឡើង៦ថ្ងៃក្នុងមួយសប្តាហ៍ គឺចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសៅរ៍ ដើម្បីបង្កើតសមត្ថភាពពីថ្នាក់ជាតិឡើងទៅដល់ថ្នាក់អន្តរជាតិ ព្រោះថាកីឡាអុកចត្រង្គនេះ ក៏ត្រូវបានបញ្ចូលជាវិញ្ញាសារមួយក្នុងការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាស៊ីហ្គេមផងដែរ។
លោក ហូយ សូណា ឲ្យដឹងថា កីឡាមួយនេះអាចប្រកួតទៅបានក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី ៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៅបាន លុះត្រាតែមានប្រទេសចំនួន៤ចូលរួមប្រកួតក្នុងវិញ្ញាសារនេះ។ រហូតមកដល់ពេលនេះមានប្រទេសចំនួន៣ យល់ព្រមចូលរួមហើយ គឺប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ផ្ទះ ពោលគឺខ្វះតែការចូលរួមរបស់ប្រទេសមួយទៀតគឺវិញ្ញាសារនេះនឹងត្រូវប្រកួតបាន។
លោក ហូយ សូណា អគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ឈរមើលកីឡាករជំរើសជាតិ ហ្វឹកហាត់
កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នឹងរៀបចំឡើងក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ការប្រកួតគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ ទីតាំងប្រកួតមាននៅ រាជធានី-ខេត្តចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត។ អត្តពលិក ៧,០០០ នាក់ និងប្រតិភូ ត្រូវបានរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងវិញ្ញាសារកីឡាប្រហែល ៤០ប្រភេទ។
បើទោះជាកីឡាលើកក្តារបែងក្រឡាមួយនេះ បានចូលជាវិញ្ញាសារមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឬមិនបានចូលរួមក្តីប៉ុន្តែក្តីសង្ឃឹមរបស់កីឡាករអុកចត្រង្គកម្ពុជាក្នុងឆាកអន្តរជាតិនៅតែមាន។ លោក ម៉េង សេរីសម្បត្តិ «និយាយទៅសម្រាប់ខ្ញុំ ក៏ដូចជាកីឡាករជម្រើសជាតិផ្សេងទៀត គឺត្រៀមខ្លួនរួចជាស្រេច ត្រៀមសម្រាប់ស៊ីហ្គេមយើង២០២៣ គឺថាការហ្វឹកហាត់ សម្ភារ ទីកន្លែង អីទាំងអស់»៕